ត្រឹមពេល ១០ថ្ងៃ! ក្រុម AOT ចុះផ្ទៀងផ្ទាត់ ៦ទីតាំងដែលរងការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា 

ចន្លោះពីថ្ងៃទី៤ ដល់ទី១៣ ខែមករា ឆ្នាំ២០២៦ នេះ អ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅទីតាំងមួយចំនួនដែលរងការឈ្លានពានរបស់ថៃ និងផលប៉ះពាល់ដែលបង្កឡើងដោយសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើទឹកដីកម្ពុជា ក្នុងនោះរួមមាន ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ ដែលជាទីតាំងស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ជាពិសេសប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោក ដែលត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់យោធាថៃ។

បើតាមប្រភពពីក្រសួងការពារជាតិ ត្រឹមរយៈពេល ១០ថ្ងៃក្នុងមករានេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពទីតាំងចំនួន ៦ ដែលរងការឈ្លានពានរបស់ថៃ និងផលប៉ះពាល់ដែលបង្កឡើងដោយសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើទឹកដីកម្ពុជា។

-នៅថ្ងៃអាទិត្យ ទី៤ ខែមករា ឆ្នាំ២០២៦ ក្រុម (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពនៅស្ពានអូរជីក ស្ថិតនៅក្នុងភូមិសាស្ត្ររវាងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប ។

-នៅថ្ងៃចន្ទ ទី៥ ខែមករា ឆ្នាំ២០២៦ ក្រុម (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពនៅច្រកទ្វារព្រំដែនអន្តរជាតិជាំ ដែលស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។

-នៅថ្ងៃអង្គារ ទី៦ ខែមករា ឆ្នាំ២០២៦ ក្រុម (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពនៅតំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

-នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែមករា ឆ្នាំ២០២៦ ក្រុម (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ 

-នៅថ្ងៃសៅរ៍ ទី១០ ខែមករា ឆ្នាំ២០២៦ ក្រុម (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពនៅតំបន់ច្រកបឹងត្រកួន ស្ថិតនៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ជាមួយគ្នានេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក៏បានចុះសង្កេតការណ៍ និងសួរសុខទុក្ខ បងប្អូនជនភៀសសឹក នៅជំរំជនភៀសសឹក វត្តកណ្តោល ស្ថិតនៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យផងដែរ។

-នៅថ្ងៃអង្គារ ទី១៣ ខែមករា ឆ្នាំ២០២៦ ក្រុម (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពនៅភូមិសាស្រ្តភូមិកររបស់ប្រជាជន ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រមទាំងទៅកាន់តំបន់ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃបំផុតរបស់មនុស្សជាតិ៕