នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី និងជាប្រធានអាស៊ានលោក អាន់វ៉ា អ៊ីប្រាហ៊ីម កាលពីថ្ងៃអង្គារ៍បានជួបសន្ទនាតាមទូរស័ព្ទជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ភូមថាំ វីឆាយ៉ាឆ័យ នាយករដ្ឋមន្ត្រីស្តីទីថៃ។
លើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានឲ្យដឹងថា ជំនួបតាមទូរស័ព្ទដែលធ្វើឡើងដាច់ដោយឡែកពីគ្នានេះ បានជជែកអំពីការវិវត្តថ្មីៗ ពាក់ព័ន្ធនឹងបទឈប់បាញ់គ្នារវាងកម្ពុជា-ថៃ។
លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រាប់មេដឹកនាំប្រទេសទាំងពីរឲ្យដឹងថា ក្រុមការងារអន្តរកាល (IOT) បាន និងកំពុងពិនិត្យនៅលើតំបន់ព្រំដែនប្រទេសទាំងពីរ ដោយប្រុងប្រយ័ត្ន។
លោក អាន់វ៉ា បានលើកឡើងពីសារៈសំខាន់នៃការពង្រឹងការត្រួតពិនិត្យការអនុវត្តបទឈប់បាញ់ ក្នុងជំនួបជាមួយមេដឹកនាំថៃ។ លោកក៏បានបញ្ជាក់ឡើងវិញជាមួយមេដឹកនាំថៃអំពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងការរៀបចំនៅខែកញ្ញា ឆ្នាំ២០២៥ផងដែរ។
ក្រោយទទួលបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់ កម្ពុជា-ថៃ ក្រោមការសម្របសម្រួលពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បន្ទាប់ពីមានការជំរុញពីសហរដ្ឋអាមេរិក និងមានការចូលរួមពីចិន ភាគីថៃ បានព្យាយាមបង្កហេតុម្តងហើយម្តងទៀត តាមរយៈការចោទប្រកាន់កម្ពុជាដោយគ្មានមូលដ្ឋាន ថាបានដាក់មីនថ្មីនៅតាមបណ្តោយព្រំដែន និងការរំលោភបំពានតបស់ថៃតាមរយៈនៃការរាយបន្លាលួស និងកង់ឡានចូលមកទឹកដីកម្ពុជា។
គួររំលឹកផងដែរថា ត្រឹមថ្ងៃទី២០សីហានេះ មានរយៈពេល ២២ថ្ងៃ ដែលកងកម្លាំងកម្ពុជាត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់មិនទាន់ដោះលែងក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥៕
