អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtharn Shinawatra) នឹងលាលែងពីតំណែងជាមេគណបក្សភឿថៃ (Pheu Thai Party) នៅថ្ងៃពុធ ទី២២ ខែតុលានេះ។

យោងតាមការចុះផ្សាយរបស់កាសែតថៃ Thai Enquirer កាលពីថ្ងៃទី២១ ខែតុលា បានចុះផ្សាយឲ្យដឹងថា ការសម្រេចចិត្តលាលែងពីតំណែងជាមេគណបក្សភឿថៃរបស់លោកស្រី ផែថងថាន ក្នុងមានគោលបំណងត្រួសត្រាយផ្លូវ សម្រាប់ការជ្រើសរើសមេដឹកនាំថ្មី ជាមួយនឹងការកំណត់កាលបរិច្ឆេទ សម្រាប់កិច្ចប្រជុំវិសាមញ្ញមួយ ដើម្បីបោះឆ្នោតជ្រើសរើសទាំងមេដឹកនាំបក្ស និងគណៈកម្មាធិការប្រតិបត្តិថ្មី។
ការសម្រេចចិត្តរបស់លោកស្រី ផែថងថាន ធ្វើឡើងបន្ទាប់ពីសាលក្រមរបស់តុលាការធម្មនុញ្ញ កាលពីថ្ងៃទី២៩ ខែសីហា ដែលបានដកលោកស្រីចេញពីតំណែងនាយករដ្ឋមន្ត្រី ដោយសារការរំលោភបំពានក្រមសីលធម៌ធ្ងន់ធ្ងរ ដែលជាប់ពាក់ព័ន្ធនឹងការបែកធ្លាយសំឡេងសន្ទនាជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។
លោកស្រី ផែថងថាន អាយុ៣៧ឆ្នាំ គឺជាកូនស្រីពៅរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តីថៃដ៏ចម្រូងចម្រាស ដែលត្រូវបានទម្លាក់ពីអំណាចដោយរដ្ឋប្រហារយោធា កាលពីឆ្នាំ ២០០៦។
គួរឲ្យដឹងថា ការលាលែងពីតំណែងរបស់លោកស្រី ត្រូវបានមើលឃើញថាជាវិធានការការពារជាមុន ដើម្បីចៀសវាងផលប៉ះពាល់ជាអវិជ្ជមានណាមួយដល់គណបក្សភឿថៃ។ យ៉ាងណាគណបក្សភឿថៃ នៅមិនទាន់បានបញ្ជាក់ពីដំណឹងនៃការលាលែងរបស់លោកស្រីអតីតនាយករដ្ឋមន្រ្តីថៃរូបនេះនៅឡើយទេ៕


