នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី ប្រាប់​មេដឹកនាំកម្ពុជា-ថៃ ថា ​ក្រុមការងារ​អន្តរកាល បាននិងកំពុង​ពិនិត្យ​នៅលើតំបន់ព្រំដែន​ដោយប្រុងប្រយ័ត្ន​

នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី និងជាប្រធានអាស៊ានលោក អាន់វ៉ា អ៊ីប្រាហ៊ីម កាលពីថ្ងៃអង្គារ៍បានជួបសន្ទនាតាមទូរស័ព្ទជាមួយ​​​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ភូមថាំ វីឆាយ៉ាឆ័យ នាយករដ្ឋមន្ត្រីស្តីទីថៃ។ 

លើទំព័រហ្វេសប៊ុកផ្លូវការរបស់​លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានឲ្យដឹងថា ជំនួប​តាមទូរស័ព្ទដែលធ្វើឡើងដាច់ដោយឡែកពីគ្នានេះ ​​​បានជជែកអំពីការ​វិវត្តថ្មីៗ ពាក់ព័ន្ធនឹងបទឈប់បាញ់គ្នារវាងកម្ពុជា-ថៃ។

លោក ​អាន់វ៉ា អ៊ីប្រាហ៊ីម ​បានប្រាប់​មេដឹកនាំប្រទេសទាំងពីរឲ្យដឹងថា ​ក្រុមការងារ​អន្តរកាល (IOT) បាន និងកំពុង​ពិនិត្យ​នៅលើតំបន់ព្រំដែន​ប្រទេសទាំងពីរ ដោយប្រុងប្រយ័ត្ន​។

លោក ​អាន់វ៉ា បានលើកឡើងពី​​​​សារៈសំខាន់នៃ​ការពង្រឹង​​​​​ការ​ត្រួតពិនិត្យការអនុវត្តបទឈប់បាញ់ ក្នុង​ជំនួបជាមួយមេដឹកនាំថៃ​​​​។ ​លោកក៏បានបញ្ជាក់ឡើងវិញ​ជាមួយ​​មេដឹកនាំថៃ​អំពីកិច្ចប្រជុំ​​គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងការរៀបចំនៅខែកញ្ញា​ ឆ្នាំ​២០២៥ផងដែរ​​។

ក្រោយទទួលបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់ កម្ពុជា-ថៃ ក្រោមការសម្របសម្រួលពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បន្ទាប់ពីមានការជំរុញពីសហរដ្ឋអាមេរិក និងមានការចូលរួមពីចិន ភាគីថៃ បានព្យាយាមបង្កហេតុម្តងហើយម្តងទៀត តាមរយៈការចោទប្រកាន់កម្ពុជាដោយគ្មានមូលដ្ឋាន ថាបានដាក់មីនថ្មីនៅតាមបណ្តោយព្រំដែន និងការរំលោភបំពានតបស់ថៃតាមរយៈនៃការរាយបន្លាលួស និងកង់ឡានចូលមកទឹកដីកម្ពុជា។

គួររំលឹកផងដែរថា ត្រឹមថ្ងៃទី២០សីហានេះ មានរយៈពេល ២២ថ្ងៃ ដែលកងកម្លាំងកម្ពុជាត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់មិនទាន់ដោះលែងក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥៕