យោធាមីយ៉ាន់ម៉ា កាលពីថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា បានកម្ទេចអគារជិត ១៥០ខ្នង នៅក្នុងប្រតិបត្តិការបង្ក្រាបលើបរិវេណបណ្តាញបោកប្រាស់តាមអុីនធឺណិតដ៏ល្បីមួយនៅជាប់ព្រំដែនប្រទេសថៃ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា។
យោងតាមយោធាថៃ ការកម្ទេចអគារជិត ១៥០ខ្នងនោះ រួមមានទាំងកន្លែងហាត់ប្រាណ កន្លែងស្ប៉ា និងហាងខារ៉ាអូខេជាដើម។
គួរឲ្យដឹងថា កាលពីខែតុលាកន្លងទៅ យោធាមីយ៉ាន់ម៉ាបានប្រកាសពីការវាយឆ្មក់បង្រ្កាបលើមជ្ឈមណ្ឌលបោកប្រាស់ដ៏ល្បីល្បាញមួយគឺតំបន់ KK Park។ តាមរយៈយុទ្ធនាការនេះ យោធាបានរកឃើញអ្នកឆបោកជាង ២ ០០០នាក់ និងមានមនុស្ស ១ ៥០០នាក់ បានរត់គេចខ្លួនឆ្លងព្រំដែនទៅកាន់ប្រទេសថៃ ខណៈយោធារបស់ទីក្រុងបាងកក បានដាក់ចេញវិធានការទប់ស្កាត់ភ្លាមៗ៕


