មនុស្ស ១៣ នាក់បានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុផ្ទុះ អំឡុងពេលចោលគ្រាប់រំសេវយោធាឥណ្ឌូនេស៊ី

មនុស្ស ១៣ នាក់បានស្លាប់នៅក្នុងការផ្ទុះមួយ អំឡុងពេលចោលគ្រាប់រំសេវយោធាដែលផុតកំណត់នៅកោះជ្វាខាងភាគលិចប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃចន្ទ ដែលជាឧបទ្ទវហេតុលើកទីពីរដែលពាក់ព័ន្ធនឹងគ្រាប់រំសេវផុតកំណត់នៅក្នុងប្រទេស។ នេះបើយោងតាមមន្ត្រីយោធាបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅថ្ងៃទី១៣ ខែឧសភានេះ។ 

យោងតាមលោក Wahyu Yudayana អ្នកនាំពាក្យកងទ័ពទី២ បានឱ្យដឹងថា ការផ្ទុះបានកើតឡើងនៅពេលដែលមន្រ្តីកំពុងបញ្ចប់ការចោលគ្រាប់រំសេវរបស់ពួកគេ។

យ៉ាងណាម៉ិញ តំបន់ដែលការផ្ទុះបានកើតឡើងគឺនៅក្នុងវាលមួយដែលការបំផ្ទុះបែបនេះត្រូវបានធ្វើឡើងជាប្រចាំ។ អ្នកស្រុកជាធម្មតាព្យាយាមប្រមូលផ្តុំកម្ទេចកម្ទីបន្ទាប់ពីការបោះចោលដើម្បីប្រមូលសម្ភារអេតចាយដែលបន្សល់ទុកដោយការបំផ្ទុះ។

ការបំផ្ទុះនៅថ្ងៃច័ន្ទនេះ គឺជាឧបទ្ទវហេតុទីពីរ ដែលពាក់ព័ន្ធនឹងគ្រាប់រំសេវយោធាឥណ្ឌូនេស៊ី ក្នុងរយៈពេលជាងមួយឆ្នាំ។

កាលពីខែមីនាឆ្នាំមុន អគ្គីភ័យដ៏ធំមួយបានផ្ទុះឡើងនៅឃ្លាំងផ្ទុកអាវុធរបស់ឥណ្ឌូណេស៊ី ដែលរក្សាទុកគ្រាប់រំសេវផុតកំណត់នៅជិតទីក្រុងហ្សាកាតា ដែលបណ្តាលឱ្យមានការផ្ទុះជាបន្តបន្ទាប់៕

ដោយ៖ ចិន្តា ទីទិ