ប្រមុខការពារជាតិថៃ ប្រកាសនឹងមិនដោះលែងកងទ័ពកម្ពុជាទាំង ១៨រូប ត្រឡប់មកវិញជាដាច់ខាត

រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានប្រកាសជាថ្មីថា រដ្ឋាភិបាលរបស់លោកអនុទីននឹងមិនដោះលែងវីរកងទ័ពកម្ពុជាទាំង ១៨រូបដែលចាប់ឃុំខ្លួនដោយខុសច្បាប់ក្រោយបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៨ ខែកក្កដាកន្លងទៅនោះទេ និងថាលែងខ្វល់ខ្វាយជាមួយនឹងកម្ពុជាបន្តទៀត។

ប្រាប់អ្នកសារព័ត៌មានពីវិមានរដ្ឋាភិបាលថៃទាំងមិនសប្បាយចិត្តនៅវេលាព្រឹកថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកានេះ ដែលត្រូវបានទីភ្នាក់ងារ THAI NEWS AGENCY ចេញផ្សាយ លោក Natthaphon Narkphanit រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានបញ្ជាក់ថា លោកនឹងមិនដោះលែង កងទ័ពកម្ពុជាទាំង ១៨រូប ត្រឡប់មកវិញជាដាច់ខាត ដោយសារនេះគឺជាច្បាប់ និងគោលការណ៍របស់ថៃ ចាប់ពីពេលនេះតទៅ លោកលែងខ្វល់ខ្វាយជាមួយនឹងកម្ពុជាបន្តទៀតហើយ។

បើតាមក្រសួងការពារជាតិកម្ពុជា ថ្ងៃអង្គារ ទី១៨វិច្ឆិកានេះជាថ្ងៃទី១១២ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។

កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

ក្រសួងការពារជាតិបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា  បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ និងថាមិនដែលបោះបង់កងកម្លាំងទាំង១៨នាក់ណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ៕