អាមេរិក នឹងលុបចោលទណ្ឌកម្មលើស៊ីរី ហើយ​ទទួលបានកិច្ចព្រម​ព្រៀង​ជាង ៦០០ពាន់លានដុល្លារពីអារ៉ាប៊ីសាអូឌីត

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលមួយថា សហរដ្ឋអាមេរិកនឹងដកទណ្ឌកម្មលើប្រទេសស៊ីរី និងទទួលបានការវិនិយោគចំនួន ៦០០ ពាន់លានដុល្លារពីអារ៉ាប៊ីសាអូឌីត។ នេះបើយោងតាមការផ្សាយចេញពីអង្គភាពរ៉យទ័រនៅថ្ងៃទី១៤ ខែឧសភានេះ។

សហរដ្ឋអាមេរិកបានយល់ព្រមលក់កញ្ចប់សព្វាវុធដែលមានតម្លៃជិត ១៤២ ពាន់លានដុល្លារពីអារ៉ាប៊ីសាអូឌីត នេះបើយោងតាមសេតវិមានដែលបានហៅវាថាជា «កិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ» ដ៏ធំបំផុតដែលវ៉ាស៊ីនតោនមិនធ្លាប់បានធ្វើ។

ការបញ្ចប់ទណ្ឌកម្មលើប្រទេសស៊ីរីនឹងជាការជំរុញដ៏ធំមួយសម្រាប់ប្រទេសមួយដែលត្រូវបានបំផ្លាញដោយសង្រ្គាមស៊ីវិលជាងមួយទសវត្សរ៍។ ក្រុមឧទ្ទាមដឹកនាំដោយប្រធានាធិបតីបច្ចុប្បន្ន លោក អាសមេដ អាល់ហ្សារ៉ា (Ahmed al-Sharaa) បានផ្តួលរំលំប្រធានាធិបតី លោក ប៉ាហ្សា អាល់អាសាដ (Bashar al-Assad) កាលពីខែធ្នូឆ្នាំមុន។

នៅក្នុងកិច្ចពិភាក្សានេះ លោក ត្រាំ និងព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីតបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលគ្របដណ្តប់លើវិស័យថាមពល ការពារជាតិ ការរុករករ៉ែ និងវិស័យផ្សេងទៀត។ លោក ត្រាំ បានព្យាយាមពង្រឹងទំនាក់ទំនងជាមួយអារ៉ាប៊ីសាអូឌីត ដើម្បីបង្កើនទំនាក់ទំនងក្នុងតំបន់ជាមួយអ៊ីស្រាអែល និងដើរតួជាអ្នកការពារប្រឆាំងនឹងអ៊ីរ៉ង់។

គូសបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត គឺជាដៃគូរដ៏ធំបំផុតមួយសម្រាប់សព្វាវុធរបស់សហរដ្ឋអាមេរិក ហើយប្រទេសទាំងពីរបានរក្សាទំនាក់ទំនងដ៏រឹងមាំអស់រយៈពេលជាច្រើនទស្សវត្ស ដោយផ្អែកលើការរៀបចំដែលព្រះរាជាណាចក្រផ្តល់ប្រេង ហើយមហាអំណាចផ្តល់សន្តិសុខ៕

ដោយ៖ ចិន្តា ទីទិ