ស៊ីរី និងអ៊ីស្រាអែល បានចរចាដោយផ្ទាល់ផ្តោតលើសន្តិសុខតាមបណ្តោយព្រំដែន

អ៊ីស្រាអែល និងស៊ីរីកំពុងទាក់ទងគ្នាដោយផ្ទាល់ ហើយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានបើកកិច្ចប្រជុំទល់មុខគ្នា ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹង និងការពារជម្លោះនៅក្នុងតំបន់ព្រំដែនរវាងសត្រូវដ៏យូរលង់។ នេះបើយោងតាមអង្គភាពរ៉យទ័រនៅថ្ងៃទី២៨ ខែឧសភានេះ។

ទំនាក់ទំនងនេះបានបង្ហាញពីការអភិវឌ្ឍន៍យ៉ាងសំខាន់ក្នុងទំនាក់ទំនងរវាងរដ្ឋដែលមានភាគីផ្ទុយគ្នានៃជម្លោះនៅមជ្ឈិមបូព៌ាអស់ជាច្រើនទស្សវត្សមកហើយ ខណៈដែលសហរដ្ឋអាមេរិកលើកទឹកចិត្តដល់មេដឹកនាំអ៊ីស្លាមនិយមថ្មីនៅទីក្រុងដាម៉ាស (Damascus) ឱ្យបង្កើតទំនាក់ទំនងជាមួយអ៊ីស្រាអែល និងអ៊ីស្រាអែលបន្ធូរបន្ថយការទម្លាក់គ្រាប់បែកលើស៊ីរី។

កាលពីដើមខែនេះ ប្រធានាធិបតីបណ្តោះអាសន្នស៊ីរី លោក អាមេដ អាល់ហ្សារ៉ា (Ahmed al-Sharaa) បានបញ្ជាក់ការចរចាដោយប្រយោលជាមួយអ៊ីស្រាអែលថា លោក មានគោលបំណងដើម្បីបន្ធូរបន្ថយភាពតានតឹង។

យ៉ាងណាម៉ិញ អ៊ីស្រាអែលបានកាន់កាប់តំបន់ Golan Heights របស់ស៊ីរី ចាប់តាំងពីសង្រ្គាមអារ៉ាប់-អ៊ីស្រាអែល ឆ្នាំ១៩៦៧ ហើយបានកាន់កាប់ទឹកដីបន្ថែមទៀតបន្ទាប់ពីការបណ្តេញលោក អាសាដ (Assad) ចេញពីប្រទេសកាលពីខែធ្នូ៕

ដោយ៖ ចិន្តា​ ទីទិ