ប្រមុខរដ្ឋាភិបាលថៃ លោក Anutin Charnvirakul បានប្រកាសផ្អាកការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពថៃ-កម្ពុជា ពីរសប្តាហ៍បន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បានធ្វើជាអធិបតីក្នុងការចុះហត្ថលេខា នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថា ការប្រកាសរបស់ប្រមុខរដ្ឋាភិបាលថៃធ្វើឡើងបន្ទាប់ពីទាហាន២នាក់របស់ខ្លួនដើរជាន់មីងបណ្តាឲ្យរងរបួសនៅជិតព្រំដែនកម្ពុជា ក្នុងខេត្តស៊ីសាកេត។
កាសែតអាមេរិក The New York Times ចុះផ្សាយភ្លាមៗដោយបានដាក់ចំណងជើងថា «ថៃផ្អាកកិច្ចចរចាសន្តិភាពដែលគាំទ្រដោយលោក Trump ជាមួយកម្ពុជា» ។ កាសែតដដែលផ្សាយថា ចំណាត់ការនេះកើតឡើងបន្ទាប់ពីទាហានថៃពីរនាក់បានរងរបួសដោយសារដើរជាន់មីន បានធ្វើឱ្យមានការរំខានដល់ការសន្យារបស់ប្រទេសទាំងពីរក្នុងការដោះស្រាយការខ្វែងគំនិតគ្នាជាយូរមក តាមការបញ្ជារបស់ប្រធានាធិបតី Trump ។
ចំណែកឯ សារព័ត៌មានជប៉ុន Nikkei Asia ក៏បានដាក់ចំណងជើងយ៉ាងដូច្នេះថា «ថៃផ្អាកកិច្ចព្រមព្រៀងសន្តិភាពដែលមានអាជ្ញាកណ្តាលត្រាំជាមួយកម្ពុជា»។
ជាមួយគ្នានេះដែរសារព័ត៌មានរបស់អង់គ្លេស BBC News ក៏បានចុះផ្សាយនៅថ្ងៃអង្គារនេះដែរថា នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា លោកបានយល់ព្រមជាមួយនឹងការសម្រេចចិត្តដែលធ្វើឡើងដោយប្រមុខការពារជាតិរបស់ប្រទេសថៃផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយដែលកម្ពុជា។ លោក Anutin បាននិយាយថា លោកមានគម្រោងទៅសួរសុខទុក្ខទាហានដែលរងរបួសនៅថ្ងៃអង្គារនេះ។
គួរឲ្យដឹងថា ក្រោយប្រយុទ្ធគ្នាអស់រយៈពេល ៥ថ្ងៃ៥យប់តាមបន្ទាត់ព្រំដែន កម្ពុជាថៃទទួលបានបទឈប់បាញ់ ក្រោមគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតី ត្រាគ និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អានវ៉ា អីប្រាហ៊ីម និងជាប្រធានអាស៊ានប្តូរវេន ព្រមទាំងមានការអង្កេតតាមពីប្រទេសចិន។ នៅថ្ងៃទី២៦ ខែតុលា សេចក្តីថ្លែងការណ៍រួមមួយក៏ត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីថៃ និងកម្ពុជា នៅទីក្រុងគូឡាឡាំពួ ដោយភាគីទាំងពីរបានយល់ព្រមដកអាវុធធុនធ្ងន់ចេញពីតំបន់ជម្លោះ និងបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន ដើម្បីត្រួតពិនិត្យ។ ជំហានបន្ទាប់ត្រូវដោះលែងទាហានខ្មែរ ១៨នាក់ដែលឃុំខ្លួននៅប្រទេសថៃមកឲ្យកម្ពុជាវិញ៕


