លោក ដូណាល់ ត្រាំ ប្រកាសថា ទាំងអ៊ុយក្រែន និងរុស្ស៊ី នឹងត្រូវតែមានការកាត់ទឹកដីដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាព។ ការប្រកាសរបស់លោក ត្រាំ ធ្វើឡើងនៅប៉ុន្មានថ្ងៃមុនកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ក្នុងរដ្ឋអាឡាស្កា។
កាលពីថ្ងៃទី១១ខែសីហា លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា វានឹងមានការដោះដូរដីមួយចំនួន។ ល្អសម្រាប់អ៊ុយក្រែន ល្អសម្រាប់រុស្ស៊ី ប៉ុន្តែក៏អាក្រក់សម្រាប់ភាគីទាំងពីរផងដែរ។ នោះហើយជារបៀបដែលអ្វីៗដំណើរការ។
ឆ្លើយតបដំណោះស្រាយឈានទៅបិទបញ្ចប់សង្រ្គាមនេះក្រោមលះបង់ទឹកដីខ្លះ លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែនបានច្រានចោលគំនិតនេះ ដោយនិយាយថា មិនមានសញ្ញាណាមួយដែលរុស្ស៊ីចង់បានសន្តិភាពទេ។ លោកថា ទាហានរុស្ស៊ីកំពុងបន្តប្រុងជើងការត្រៀមខ្លួនសម្រាប់ការវាយលុកថ្មីជាបន្តបន្ទាប់។ លោកប្តេជ្ញាថា អ៊ុយក្រែននឹងមិនបោះបង់ទឹកដីឡើយ។
លោក ហ្សេលេនស្គីបានឱ្យដឹងថាលោក ពូទីន មានបំណងបង្ហាញឱ្យគេគ្រប់គ្នាបានឃើញថាកិច្ចប្រជុំរបស់លោកជាមួយលោក ត្រាំ នៅថ្ងៃសុក្រសប្ដាហ៍នេះ គឺជាជ័យជម្នះផ្ទាល់ខ្លួនមួយរបស់លោក។ «លោក ពូទីនពិតណាស់មិនមែនកំពុងត្រៀមលក្ខណៈសម្រាប់បទឈប់បាញ់ ឬបិទបញ្ចប់សង្រ្គាមនោះទេ។ តែផ្ទុយទៅវិញ កងទ័ពរុស្ស៉ីកំពុងត្រៀមលក្ខណៈ ដើម្បីបើកការវាយលុកជាថ្មី»។ នេះជាការលើកឡើងរបស់លោក ហ្សេលេនស្គី ក្នុងវីដេអូមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម។
