លោក ពុយ គា៖ នៅពីក្រៅឆាកនៃកិច្ចប្រជុំព្រំដែនកម្ពុជា-ថៃ

កិច្ចប្រជុំមួយថ្ងៃពេញនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ របស់គណៈកម្មការចម្រុះបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC) នៅសណ្ឋាគារសូហ្វីតែលភ្នំពេញត្រូវបានបញ្ចប់ដោយពុំទាន់មានអ្វីគួរឱ្យចាប់អារម្មណ៍ឡើយ។

ភាគីកម្ពុជាដឹកនាំដោយលោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន រីឯភាគីថៃដឹកនាំដោយលោក Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែន។ លោកធ្លាប់ជាអតីតឯកអគ្គរាជទូតថៃប្រចាំនៅប្រទេសកម្ពុជាកាលពីសម័យរដ្ឋាភិបាល អាភីស៊ីត វីចាជីវ៉ា ដែលមានជម្លោះជាមួយកម្ពុជារឿងប្រាសាទព្រះវិហារ។

អ្នកសារព័ត៌មានសរុបជិត១០០នាក់ រួមទាំងសារព័ត៌មានថៃចំនួន៥ស្ថាប័នផងបានរង់ចាំប្រមាញ់យកព័ត៌មានយ៉ាងអន្ទះអន្ទែង ព្រោះជាកិច្ចប្រជុំចំពេលដែលស្ថានភាពព្រំដែននៃប្រទេសទាំងពីរកំពុងឡើងកំដៅ។

ដោយសារកិច្ចប្រជុំពេញអង្គត្រូវបានអូសពេលរហូតជិតដល់ម៉ោង១២ថ្ងៃត្រង់ អ្នកសារព័ត៌មានមួយចំនួនក៏មានការយល់ច្រឡំក៏បានសរសេរ និងបង្ហោះព័ត៌មានថាភាគីថៃមិនបានគោរពពេលវេលា។ តាមពិតគេបានមកដល់តាមពេលវេលាកំណត់ តែត្រូវចូលរួមប្រជុំចង្អៀតមុនមួយវគ្គសិន។

តាមការប្រមើលមើលជាទូទៅ ម្នាក់ៗយល់ឃើញថា កិច្ចប្រជុំនេះនឹងមិនបានលទ្ធផលអ្វីជាដុំកំភួនឡើយ ព្រោះសិទ្ធអំណាចនិងភារកិច្ចរបស់ JBC ពុំអាចជួយរកដំណោះស្រាយលើភាពតានតឹងរវាងកម្ពុជា-ថៃលើបញ្ហាប្រាសាទទាំងបី និងតំបន់មុំ៣នាពេលបច្ចុប្បន្ននេះបានឡើយ។ ម្យ៉ាង រដ្ឋាភិបាលថៃដឹកនាំដោយកូនស្រីលោក ថាក់ស៊ីន ដូចជារបូតអំណាចលើការដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាបាត់ទៅហើយចាប់តាំងពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិថៃដែលអំណាចត្រូវបានធ្លាក់ទៅលើទាហាន ជាពិសេសមេទ័ពជើងគោក។

ត្រលប់មកកិច្ចប្រជុំវិញ ជាទម្លាប់ រាល់កិច្ចប្រជុំដែលមានប្រធានបទក្តៅៗ គេមិនអាចយកវេទិកាទូលាយ ឬពេញអង្គមកជជែកភ្លាមទេ គេតែងរៀបចំជាសេណារ្យ៉ូឡប់ប៊ី ឬប្រជុំចង្អៀតជាមុនសិន។ ដូច្នេះហើយ ទើបព្រឹកមិញនេះ ភាគីកម្ពុជាបានស្នើឱ្យមានកិច្ចប្រជុំចង្អៀតដែលត្រូវចំណាយពេលអស់២ម៉ោងកន្លះ។ ជាលទ្ធផល ភាពតានតឹងដំបូងក៏ត្រូវបានយល់គ្នាជាពិសេសលើរបៀបវារៈនៃកិច្ចប្រជុំ ហើយក៏បន្តចូលដល់ពេញអង្គដែលអាចអូសបន្លាយរហូតដល់ថ្ងៃបាក់រសៀល។

មុនកិច្ចប្រជុំ JBC ចាប់ផ្តើ មេបញ្ជាការកងទ័ពភូមិភាគ២របស់ថៃ ឧត្ដមសេនីយ៍ ប៊ុនស៊ីន ប៉ាតក្លាង (Lt Gen Boonsin Padklang) បានបោះពាក្យសម្តីថា “…កុំបារម្ភអំពីការប្តឹងទៅ ICJ នោះ។ ខ្ញុំបានប្រាប់ទៅរាជរដ្ឋាភិបាលរួចហើយថា មិនចាំបាច់ទៅ ICJ ទេ ព្រោះវាមិនពាក់ព័ន្ធនឹងយើងទេ។ ដីនេះជារបស់យើងមកយូរហើយ។ ប្រសិនបើពួកគេចង់បាន ប្រយុទ្ធតទល់គ្នាទៅចប់ហើយ…”។

ឧត្ដមសេនីយ៍ ប៊ុនស៊ីន ប៉ាតក្លាង ត្រូវបានគេនិយាយពីមាត់មួយទៅមាត់មួយទៀតថា ជាអ្នកប្រកាន់តឹងជាមួយកម្ពុជាចាប់តាំងពីគាត់ចូលកាន់តំណែងជាមេបញ្ជាការកងទ័ពភូមិភាគ២ កាលពីឆ្នាំមុន រហូតបង្កើតបានជាអធិករណ៍ជាមួយកម្ពុជានាពេលនេះ។

មហាជនទូទៅទាំងកម្ពុជានិងថៃហាក់ដូចជាទន្ទឹងរង់ចាំមើលលទ្ធផលកិច្ចប្រជុំ JBC នៅពេលដែលគណៈកម្មការខ្លួនឯងប្រហែលជាលួចសើចចង់ប្រាប់ថាកិច្ចប្រជុំថ្ងៃនេះនិងបន្តទៅថ្ងៃស្អែកទៀត នឹងមិនមានអំណាចដោះស្រាយ ឬជួយបន្ថយភាពតានតឹងនៃជម្លោះព្រំដែននាពេលនេះទេ។

JBC ត្រូវបានបង្កើតឡើងដើម្បីធ្វើការរួមគ្នាលើកិច្ចការបោះបង្គោលព្រំដែនជាង៨០០គីឡូម៉ែត្ររវាងកម្ពុជា-ថៃ ដែលបានអូសបន្លាយពេលយូរណាស់ទៅហើយ។ រឿងខ័ណ្ឌសីមាជារឿងស្មុគស្មាញ ព្រោះការអះអាងលើបន្ទាត់ព្រំដែនខុសគ្នារវាងប្រទេសទាំងពីរ ដោយកម្ពុជាធ្លាប់អះអាងច្រើនលើកច្រើនសារថា ថៃបានយកផែនទីគូសដោយឯកតោភាគីមកជជែកពិភាក្សា នៅពេលដែលកម្ពុជាសំអាងលើសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤-១៩០៧…។

ហើយអ្វីដែលកាន់តែពិបាកទៀតនោះ គឺភាគីថៃតែងផ្លាស់ប្តូរសមាសភាពនិងថ្នាក់ដឹកនាំគណៈកម្មការព្រំដែនរបស់ខ្លួនជាញឹកញាប់ និងម្យ៉ាងទៀតប្រហែលជាការចាញ់ក្តីនៅប្រាសាទព្រះវិហារនៅឆ្នាំ២០១៣នោះហើយដែលធ្វើឱ្យថៃត្រូវបន្តអូសពេលប្រជុំរហូតដល់១២ឆ្នាំ…៕