ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៅថ្ងៃទី១៥ ខែកក្កដានេះ បានរំលឹកពីរឿងរ៉ាវព្រំដែនរវាងកម្ពុជា-ថៃ កាលពី១៧ ឆ្នាំមុន និងបានកោតសរសើររាជរដ្ឋាភិបាលកម្ពុជាអាណត្តិមុនៗ និងអាណត្តិនេះ ដែលប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ ការទូត និងដំណោះស្រាយដោយសន្តិវិធី។
ឯកឧត្តមបានលើកឡើងថា «១៧ ឆ្នាំ បានកន្លងផុតទៅ តែការឈឺចាប់នៅតែមិនទាន់រសាយ»។ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នេះ ជាខួប ១៧ ឆ្នាំ ដែលទាហានឈុតខ្មៅសៀម បានសម្រុកចូលក្នុងទឹកដីខ្មែរ ដោយចូលមកនៅក្នុង “វត្ដកែវសិក្ខាគីរីស្វារៈ” ហៅ “វត្ដប្រាសាទ” នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ គឺប្រមាណមួយសប្តាហ៍ក្រោយពេលដែលប្រាសាទព្រះវិហារ ត្រូវចុះបញ្ជីជាបេតិកភណ្ឌពិភពលោក។
ឯកឧត្តមបានបន្តថា ការលើកទ័ពចូលក្នុងវត្ដ ដែលជាទឹកដីខ្មែរនេះ គឺជាការឈ្លានពានមកលើអធិបតេយ្យភាពរបស់ខ្មែរ និងបង្កឱ្យមានភាពតានតឹងនៅតំបន់ជុំវិញប្រាសាទព្រះវិហារ។ អំពើឈ្លានពានដ៏កម្រោលនេះ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស មានការឈឺចាប់យ៉ាងខ្លាំង និងបានថ្កោលទោសយ៉ាងពេញទំហឹង។

នៅយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ នោះ ប៉ុន្មាន ម៉ោងក្រោយការរំលោភបំពានរបស់ទាហានឈុតខ្មៅសៀម មកលើអធិបតេយ្យភាពរបស់កម្ពុជា វិទ្យាស្ថានទំនាក់ទំនងអន្ដរជាតិកម្ពុជា បានចេញចេញសេចក្ដីថ្លែងការណ៍មួយ ដោយបានចាត់ទុកសកម្មភាពរបស់ទាហានឈុតខ្មៅសៀម រំលោភយ៉ាងធ្ងន់ធ្ងរចំពោះអធិបតេយ្យភាព និងបូរណភាពដែនដីស្របច្បាប់របស់ព្រះរាជាចក្រកម្ពុជា ក៏ដូចជាច្បាប់អន្ដរជាតិ ហើយក៏ជាការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះប្រជាជាតិកម្ពុជា។
បើតាមឯកឧត្តមបណ្ឌិត គិន ភា ភាពតានតឹងនិងជម្លោះព្រំដែនរវាងប្រទេសកម្ពុជានិងថៃរយៈពេលជិតពីរខែមកនេះ ជាសកម្មភាពច្រំដែល ដែលបង្កឡើងដោយភាគីថៃគ្រប់តួអង្គពាក់ព័ន្ធ ជាពិសេស ពួកយោធាថៃ ដែលផ្ដើមឡើងដោយទាហានថៃ រំលោភចូលទឹកដីខ្មែរនិងបាញ់សម្លាប់ទាហានខ្មែរឱ្យស្លាប់នៅនឹងទីតាំងឈរជើង។ ជាបន្តបន្ទាប់ ភាគីតែងតែបង្កហេតុ និងគំរាមកំហែងសព្វបែបយ៉ាងមកលើប្រទេសកម្ពុជា រាប់តាំងពីការបិទច្រកព្រំដែនជាឯកតោភាគី ការគំរាមកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី ប្រព័ន្ធអាំងធើណិត និងការគំរាមបិទការនាំចូលប្រេងនិងឧស្ម័នមកកម្ពុជា។ លើសពីនេះទៀត ភាគីថៃប្រើប្រាស់សង្គ្រាមចិត្តសាស្ត្រផង និងសង្គ្រាមព័ត៌មានផង ដើម្បីបំភ្លៃ និងបង្កាច់បង្ខូចប្រទេសកម្ពុជា។ ពីខាងកម្ពុជា គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ តែងតែរក្សានូវភាពអត់ធ្មត់ខ្ពស់បំផុត ប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ ការទូត និងដំណោះស្រាយដោយសន្តិវិធី។
វិទ្យាស្ថានទំនាក់ទំនងអន្ដរជាតិនៃកម្ពុជា បានសម្ដែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាលកម្ពុជាអាណត្តិមុនៗនិងអាណត្តិនេះ ដែលតែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយសន្ដិសហវិជ្ជមានជាមួយប្រទេសជិតខាងនិងប្រទេសទាំងអស់នៅលើពិភពលោក និងគោលការណ៍ច្បាប់អន្តរជាតិនិងការទូត ក្នុងការដោះស្រាយបញ្ហានានា ប្រកបដោយស្មារតីស្នេហាជាតិដ៏ជ្រាលជ្រៅ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ នេះជាការលើកឡើងបន្ថែមពី ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា៕
