បណ្ឌិត យង់ ពៅ៖ ថៃត្រូវគោរពកាតព្វកិច្ចអន្តរជាតិដោយខ្លួនឯង ចៀសវាងប្រកាស និងបង្ហាញពិភពលោកនូវនយោបាយឈ្លានពានដោយងងើល

«កម្ពុជា មិនអាចកាត់ទឹកដី តាមការទាមទាររបស់ថៃនោះទេ, ថៃ ត្រូវគោរពកាតព្វកិច្ចអន្តរជាតិដោយខ្លួនឯងទៅ ចៀសវាងប្រកាស និងបង្ហាញពិភពលោកនូវនយោបាយឈ្លានពានដោយងងើលបែបនេះ…។ ប្រសិនបើពេលនេះ កម្ពុជារបូតគំនិតជឿថៃកាត់ដីកាត់ប្រាសាទឱ្យចោរដើម្បីដោះដូរនឹងអ្វីៗដែលចោរចេះតែបន្តដាក់លក្ខខណ្ឌ ប៉ុន្មានឆ្នាំខាងមុខទៀត ថៃបន្តគូសផែនទីឯកតោភាគី ទាមទារកាត់ទឹកដីបន្តទៀត តើកម្ពុជា នៅសល់ទឹកដីឬប្រាសាទប៉ុន្មានទៀតទុកឱ្យថៃ ?» នេះជាការលើកឡើងរបស់លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ។

លោកបណ្ឌិតបានលើកឡើងបែបនេះបន្ទាប់ពីបានឃើញការចុះផ្សាយសម្តីរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Nattaphon Narkphanit  ថា ប្រទេសថៃ នឹងមិនធ្វើការចរចាបន្ថែមទៀតជាមួយកម្ពុជាលើបញ្ហាព្រំដែនទេ រហូតទាល់តែ ប្រាសាទតាក្របីត្រូវបានប្រគល់ទៅ ក្រោម ការគ្រប់គ្រងរបស់ថៃ។ 

តាម ការ ចុះ ផ្សាយ របស់ The Nation កាលពីថ្ងៃទី៤ ខែវិច្ឆិកា លោក Nattaphon បានប្រកាសថា «បញ្ហានេះនឹងមិនត្រូវបានដោះស្រាយទេ ដរាបណាប្រាសាទតាក្របី ត្រូវបានប្រគល់ទៅ ឲ្យ ប្រទេសថៃ» ដោយ បញ្ជាក់ ទាំងគ្មាន ការ ពិត ថា ប្រាសាទនេះនៅតែស្ថិតក្រោមអធិបតេយ្យភាពរបស់ថៃ។ លោក បាន បន្ថែម ថា គណៈរដ្ឋមន្ត្រី មិន បាន ពិភាក្សា អំពី បញ្ហា នេះ ទេ ហើយ រដ្ឋាភិបាល រក្សា គោល ជំហរ ថា ប្រាសាទ តាក្របី ជា ផ្នែក សំខាន់ មួយ នៃ ទឹក ដី ថៃ។

ខណៈការពិភាក្សា នៅ តែ បន្តទាក់ទងនឹង ការដោះលែង ទាហាន ខ្មែរ ទាំង ១៨រូបនោះ រដ្ឋមន្ត្រីការពារជាតិថៃរូបនេះ បាននិយាយថា គ្មានប្រធានបទផ្សេងទៀត រួមទាំង ការបើកទ្វារព្រំដែនឡើងវិញ នឹងត្រូវចរចា រហូតដល់ជម្លោះប្រាសាទតាក្របី ត្រូវបានដោះស្រាយ៕