ចិនក្នុងស្ថានភាព “ចាប់ក្តាមដាក់ក្នុងក្អម” ៖ យុទ្ធសាស្ត្រ “ពន្លត់ភ្លើង” សង្គ្រាមខ្មែរ-ថៃ

​បងប្អូនធ្លាប់ឆ្ងល់ទេថា ប្រសិនបើមានសង្គ្រាមផ្ទុះឡើងរវាង កម្ពុជា និង ថៃ តើបងធំ ចិន នឹងជួយខាងណា? ឥឡូវបានចម្លើយហើយ គឺមិនមែនជួយខ្មែរវាយថៃ ឬជួយថៃវាយខ្មែរទេ តែចិននឹងប្រើវិធីម្យ៉ាងដែលគេហៅថា “ចាប់ក្តាមដាក់ក្នុងក្អម”។
តោះ! មកមើលថាតើវាមានន័យយ៉ាងណា?
១. ​ចិនក្នុងស្ថានភាព “ចាប់ក្តាមដាក់ក្នុងក្អម”
​សម្រាប់ទីក្រុងប៉េកាំង ជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ មិនមែនជាឱកាសទេ ប៉ុន្តែជា “សុបិនអាក្រក់ខាងយុទ្ធសាស្ត្រ”។
ចិនកំពុងឈរនៅកណ្តាលរវាងផលប្រយោជន៍ពីរដែលមិនអាចកាត់ផ្តាច់បាន៖
១.១~ ​កម្ពុជា (មិត្តនយោបាយស្មោះត្រង់)
​នៅក្នុងក្រសែភ្នែកចិន កម្ពុជា ត្រូវបានចាត់ទុកជា “មិត្តដែកថែប” ដែលមានកម្រិតភាពស្មោះត្រង់ខ្ពស់ជាងគេ។
▪︎ ​មូលហេតុ៖ កម្ពុជាតែងតែគាំទ្រចិនឥតងាករេលើឆាកអន្តរជាតិ (បញ្ហាតៃវ៉ាន់, សមុទ្រចិនខាងត្បូង, សិទ្ធិមនុស្ស)។ ចិនទុកចិត្តកម្ពុជាថាជាសម្ព័ន្ធមិត្តដែល “មិនប្រែប្រួល”។ ម្យ៉ាងទៀត កម្ពុជាមិនមានសម្ព័ន្ធភាពយោធាជាមួយអាមេរិក ដូចថៃនោះទេ។
▪︎ ​ទំនាក់ទំនងយោធា៖ ចិនជាអ្នកទំនុកបម្រុងធំបំផុតដល់កងទ័ពកម្ពុជា (ការហ្វឹកហ្វឺន, អាវុធ, មូលដ្ឋានរាម)។
១.២~ ​ថៃ (សរសៃឈាមសេដ្ឋកិច្ច)
សម្រាប់ចិន ថៃ គឺជា “បងប្អូន” និងជាច្រកទ្វារសេដ្ឋកិច្ចដែលមិនអាចខ្វះបាន។
▪︎ ​មូលហេតុ៖ សេដ្ឋកិច្ចថៃធំជាងកម្ពុជាឆ្ងាយណាស់។ ថៃគឺជាមជ្ឈមណ្ឌលភស្តុភារ (Logistics Hub) សម្រាប់គម្រោងខ្សែក្រវាត់ និងផ្លូវ (BRI) ជាពិសេសផ្លូវដែកល្បឿនលឿនពីចិន-ឡាវ-ថៃ-ម៉ាឡេស៊ី។ បើគ្មានថៃ ចិនមិនអាចតភ្ជាប់ទៅភាគខាងត្បូងអាស៊ានបានទេ។
▪︎ ​នយោបាយការទូត៖ ថៃអនុវត្ត “ការទូតដើមឫស្សី” (Bamboo Diplomacy)។ ថៃជាមិត្តរបស់ចិន ប៉ុន្តែក៏ជាសម្ព័ន្ធមិត្តតាមសន្ធិសញ្ញារបស់អាមេរិកដែរ។ នេះធ្វើឱ្យចិនមិនអាចទុកចិត្តថៃ ១០០% ដូចកម្ពុជាទេ ប៉ុន្តែចិនត្រូវតែយកចិត្តថៃជាចាំបាច់ ដើម្បីកុំឱ្យថៃងាកទៅរកអាមេរិកទាំងស្រុង។
ប្រសិនបើចិនកាន់ជើងកម្ពុជា ចិននឹងរុញថៃឱ្យធ្លាក់ទៅក្នុងដៃសហរដ្ឋអាមេរិកទាំងស្រុង។ ប្រសិនបើចិនកាន់ជើងថៃ ចិននឹងបាត់បង់ការទុកចិត្តពីកម្ពុជា និងសម្ព័ន្ធមិត្តផ្សេងទៀត។ ដូច្នេះ ចិនគ្មានជម្រើសអ្វីក្រៅពីដើរតួជា “អ្នកបង្ខំឱ្យមានសន្តិភាព” ដើម្បីការពារផលប្រយោជន៍ខ្លួនឯង។ នៅពេលនេះ ចិនស្ថិតក្នុងស្ថានភាពពិបាកបំផុត គឺត្រូវធ្វើយ៉ាងណាកុំឱ្យក្តាមខាំគ្នាជ្រុល ត្រឹមតែដាច់ដង្កៀបគឺគ្រប់គ្រាន់ ហើយក៏មិនឱ្យក្តាមណាមួយលោតចេញពីក្អមដែរ។

​២. យុទ្ធសាស្ត្រ “ពន្លត់ភ្លើង”៖ ចិននឹងធ្វើអ្វីខ្លះ?
​កុំរំពឹងថា ចិននឹងបញ្ជូនទាហានមកជួយបាញ់គ្នាឱ្យសោះ។ ចិនមិនចង់ឃើញគ្រាប់កាំភ្លើងទេ ចិនចង់ឃើញតែលុយ។ ដូច្នេះ ចិននឹងប្រើវិធី “ពន្លត់ភ្លើង” ៣ យ៉ាង៖
▪︎ ​លើកទូរស័ព្ទ “ស្តីឱ្យ” (Phone Diplomacy)៖
មេដឹកនាំចិននឹងតេផ្ទាល់ទៅមេដឹកនាំខ្មែរ និងថៃ។ សារគឺខ្លីៗ៖ “សូមឈប់បាញ់គ្នាភ្លាម! បើមិនឈប់ទេ កុំសង្ឃឹមថាបានលុយជំនួយ ឬអ្នកវិនិយោគពីចិនទៀត”។ សម្ពាធនេះខ្លាំងជាងគ្រាប់កាំភ្លើងទៅទៀត ព្រោះទាំងខ្មែរទាំងថៃ សុទ្ធតែត្រូវការលុយចិន។ <នេះជាអ្វីដែលខ្មែរចង់បាន>។
▪︎ ​បិទផ្លូវដង្ហើមសេដ្ឋកិច្ច៖
ចិនអាចនឹងនិយាយថា “ផ្លូវមិនមានសុវត្ថិភាព យើងផ្អាកដឹកទំនិញសិន”។ ពេលនោះ អ្នករកស៊ីធំៗនៅស្រុកថៃ នឹងស្រែកថ្ងូរ ហើយនាំគ្នាសង្កត់កទៅរដ្ឋាភិបាលរៀងៗខ្លួនឱ្យឈប់ធ្វើសង្គ្រាមភ្លាម ដើម្បីកុំឱ្យដាច់បាយ។
▪︎​យកលុយ បិទមុខកាំភ្លើង៖
ចិននឹងប្រាប់ថា៖ “ឈប់ឈ្លោះគ្នារឿងដីហ្នឹងទៅ! ចាំខ្ញុំ (ចិន) ចេញលុយបង្កើតជារោងចក្រ ឬតំបន់ទេសចរណ៍នៅហ្នឹង ហើយចែកលុយគ្នាពាក់កណ្តាលម្នាក់ទៅ”។ វិធីនេះ គឺប្តូរពីការ “ច្បាំងគ្នា” មកជា “រកស៊ីជាមួយគ្នា” ដោយមានចិនជាមេ។
សម្រាប់ចិន សន្តិភាពនៅព្រំដែនមានតម្លៃជាងជ័យជម្នះរបស់ភាគីណាមួយ។ នេះមានន័យថា ចិនអាចនឹងបង្ខំឱ្យមាន “ដំណោះស្រាយសម្របសម្រួល” មួយ ដែលភាគីទាំងពីរត្រូវថយម្នាក់មួយជំហាន។

៣. តើយុទ្ធសាស្ត្រណាល្អសម្រាប់ខ្មែរទេ?
▪︎ ​ចំណុចល្អ៖ សង្គ្រាមនឹងចប់លឿន។ កម្ពុជាមិនត្រូវខ្ទេចខ្ទាំដោយសារសង្គ្រាមពេញទំហឹងជាមួយថៃ (ដែលមានប្រៀបផ្នែកយោធាជាង)។
▪︎ ​ចំណុចអាក្រក់៖ កម្ពុជាអាចនឹងត្រូវបង្ខំឱ្យ “លេបគ្រួស” (សម្បទាន) លើបញ្ហាទឹកដីមួយចំនួន ដើម្បីជាថ្នូរនឹងសន្តិភាព និងការផ្គាប់ចិត្តចិន។ ចិនមិនខ្វល់ថាដីនោះជារបស់នរណាទេ ចិនខ្វល់តែរឿង “ឡានទំនិញរបស់ចិនឆ្លងកាត់បានឬអត់” ប៉ុណ្ណោះ។
៣.​១~ ហានិភ័យនៃការដាក់ “ពងមាន់ក្នុងកន្ត្រកតែមួយ”
​ដូចដែលយើងបានអានពីលើ ចិនគឺជាមហាអំណាចដែលគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនជាធំ។
▪︎ ​បាត់បង់អំណាចតថ្លៃ (Bargaining Power) ប្រសិនបើចិនដឹងថា កម្ពុជាមានតែខ្លួនមួយគត់ជាទីពឹង ចិននឹងលែងសូវក្រែងចិត្តកម្ពុជា។ ផ្ទុយទៅវិញ ថៃមានអាមេរិក មានជប៉ុន និងមានចិន ធ្វើឱ្យចិនត្រូវព្យាយាមយកចិត្តថៃ។ កម្ពុជាត្រូវការជម្រើស ដើម្បីឱ្យចិនដឹងថា “កម្ពុជាក៏មានមិត្តផ្សេងទៀតដែរ”។
▪︎ ​អន្ទាក់បំណុល និងឥទ្ធិពលនយោបាយ ការពឹងផ្អែកសេដ្ឋកិច្ចតែមួយច្រក ធ្វើឱ្យកម្ពុជាងាយរងគ្រោះ។ បើសេដ្ឋកិច្ចចិនដួល ឬចិនបិទច្រក កម្ពុជានឹងគាំង។
៣.​២~ យុទ្ធសាស្ត្រថ្មី៖ “ការទូតផ្កាឈូក” ឬ “ការទូតបត់បែន”
​កម្ពុជាមិនត្រូវបោះបង់ចិនទេ (ព្រោះចិនជាមូលដ្ឋានគ្រឹះសេដ្ឋកិច្ច) ប៉ុន្តែត្រូវ “ពង្រីកសសរទ្រូង” បន្ថែម។ នេះគឺជាកន្លែងដែលបណ្តាប្រទេសផ្សេងទៀតដើរតួនាទីយ៉ាងសំខាន់៖
ក. អាស៊ាន៖ ជាខែលការពារ
​កម្ពុជាត្រូវប្រើអាស៊ានជា “ខែល”។ ក្នុងជម្លោះជាមួយថៃ ឬបញ្ហាសមុទ្រចិនខាងត្បូង ការឈរជាមួយជំហររួមរបស់អាស៊ាន (ពេលខ្លះ) អាចជួយឱ្យកម្ពុជាមើលទៅមានឯករាជ្យភាព និងមិនត្រូវបានគេចោទថាជា “អាយ៉ង” របស់ចិន។
ខ. ទីផ្សារលោកខាងលិច (អាមេរិក/អឺរ៉ុប)
​ចិនជាអ្នក “សាងសង់” (លក់ដែក លក់ស៊ីម៉ងត៍ ធ្វើផ្លូវ) ប៉ុន្តែ អាមេរិកនិងអឺរ៉ុបគឺជាអ្នក “ទិញ” (ទីផ្សារនាំចេញសម្លៀកបំពាក់ ផលិតផល)។ បើកម្ពុជាស្និទ្ធចិនពេក រហូតដល់បាត់បង់ទីផ្សារលោកខាងលិច សេដ្ឋកិច្ចកម្ពុជានឹងជួបវិបត្តិ។
គ. ឥណ្ឌា
ការប្រារព្ធខួប ៧០ ឆ្នាំនេះ គឺជាការបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដើម្បីបន្តចំណងទាក់ទងនេះពីអតីតកាលដ៏រុងរឿងទៅកាន់អនាគតដ៏ភ្លឺស្វាង។
▪︎ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច៖ ពាណិជ្ជកម្មទ្វេភាគីកំពុងកើនឡើង ដោយទទួលបានការសម្របសម្រួលពីកិច្ចព្រមព្រៀងអាស៊ាន-ឥណ្ឌា ក្នុងវិស័យឱសថ, យានយន្ត, និងបច្ចេកវិទ្យាព័ត៌មាន ជាពិសេសទេសចរណ៍។
▪︎ ការកសាងសមត្ថភាព៖ ឥណ្ឌាបានផ្តល់នូវការបណ្តុះបណ្តាល, អាហារូបករណ៍, និងការគាំទ្រក្នុងវិស័យសុខាភិបាល, បច្ចេកវិទ្យាព័ត៌មាន (IT), និងការពង្រឹងអំណាចស្ត្រី។
ឃ. រុស្ស៊ី៖ ជាតុល្យភាពយុទ្ធសាស្ត្រ
ទោះជារុស្ស៊ីនៅជាប់ដៃធ្វើសង្គ្រាមដោយប្រយោលជាមួយអឺរ៉ុប និងណាតូ លើទឹកដីអ៊ុយក្រែន ក៏ដោយ
ក៏​រុស្ស៊ី គឺជាជម្រើសដ៏ល្អបំផុតមួយដែលកម្ពុជាមិនទាន់បានទាញយកប្រយោជន៍អស់។
▪︎ ​ថាមពល និងបច្ចេកវិទ្យាធុនធ្ងន់៖ ខណៈចិនខ្លាំងខាងហេដ្ឋារចនាសម្ព័ន្ធ រុស្ស៊ីខ្លាំងខាងថាមពល (ប្រេង, ហ្គាស, នុយក្លេអ៊ែរស៊ីវិល) និងបច្ចេកវិទ្យាយោធា។ ការសហការជាមួយរុស្ស៊ី ធ្វើឱ្យកម្ពុជាកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យាចិនតែមួយមុខ។
▪︎ ​ប្រវត្តិសាស្ត្រ៖ រុស្ស៊ី (សូវៀត) ធ្លាប់ជួយកម្ពុជាដោយគ្មានលក្ខខណ្ឌស្មុគស្មាញ។ ទំនាក់ទំនងនេះគឺជា “សន្លឹកបៀ” ដែលកម្ពុជាអាចប្រើដើម្បីបង្ហាញចិនថា យើងមានខ្នងបង្អែកផ្សេងទៀត។
ផ្លូវដែលត្រូវដើរ គឺ​កម្ពុជាត្រូវដើរផ្លូវ “ពហុភាគីនិយម” (Multilateralism)៖
▪︎ ​សេដ្ឋកិច្ច៖ យកចិនជាដៃគូធំ ប៉ុន្តែត្រូវរុញការនាំចេញទៅអឺរ៉ុប អាមេរិក និងកូរ៉េ។
▪︎ ​សន្តិសុខ និងយុទ្ធសាស្ត្រ៖ ពង្រឹងទំនាក់ទំនងជាមួយ រុស្ស៊ី ឱ្យកាន់តែស៊ីជម្រៅ ដើម្បីធ្វើជាទម្ងន់ទប់នឹងឥទ្ធិពលចិន។
▪︎ ​នយោបាយ៖ រក្សាភាពស្ងៀមស្ងាត់ និងទទួលយកជំនួយពីគ្រប់ភាគី ដោយមិនប្រកាសថាខ្លួននៅខាងណាដាច់ខាត។
ក្នុងសង្គ្រាមខ្មែរ-ថៃ ចិនគឺជា “អ្នកពន្លត់ភ្លើង” ពិតមែន ប៉ុន្តែចិនពន្លត់ ដើម្បីកុំឱ្យរលាកខ្លួនចិន មិនមែនដើម្បីឱ្យខ្មែរឈ្នះនោះទេ។ ដូច្នេះ ខ្មែរត្រូវតែឆ្លាត គឺស្រឡាញ់ចិន តែត្រូវមានខ្នងបង្អែកផ្សេងទៀត ដើម្បីការពារខ្លួន៕

អត្ថបទ៖ ញិល រដ្ឋា – Gnel Rattha
រូបភាព៖ REUTERS/Socialmedia