ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកនាថ្ងៃ២៩ ខែកក្កដានេះថា៖ «កងទ័ពកម្ពុជា បានគោរពបទឈប់បាញ់ ចាប់តាំងពីម៉ោង០០:០០យប់មិញ រហូតមកដល់បច្ចុប្បន្ន ប្រកបដោយភាពអត់ធ្មត់ »។

ឯកឧត្តមទៀ សីហា រៀបរាប់ថា យើងច្រានចោលការលើកឡើងរបស់កងទ័ពជើងគោកថៃ និងបណ្តាព័ត៌មានរបស់ថៃ ដែលបានចោទកម្ពុជា រំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ ។
ឯកឧត្តម បាមលើកឡើងថា ដើម្បីបង្ហាញពីឆន្ទៈយ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ថ្ងៃនេះថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជា នឹងដឹកនាំបណ្តាអង្គទូត អនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកពាក់ព័ន្ធ ដើម្បីទៅឃ្លាំមើលទាំងទីតាំង ទាំងសភាពការណ៍ជាក់ស្តែងលើបញ្ហាព្រំដែនកម្ពុជា-ថៃ ។
គួរបញ្ជាក់ថា ព្រឹកមិញនេះឯកឧត្តមក៏បានទំនាក់ទំនង (តាមទូរសព្ទ) ជាមួយរដ្ឋមន្ត្រីការពារជាតិស្តីទីថៃ ពិភាក្សាគ្នាលើបញ្ហាមួយចំនួន ដែលបានកើតឡើង ក្នុងអំឡុងពេលអនុវត្តបទឈប់បាញ់ ។
ដោយឡែក នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ខាងមុននេះ ក្រសួងការពារជាតិកម្ពុជា នឹងធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំGBC ដែលមានការចូលរួមពីភាគីថៃ នៅរាជធានីភ្នំពេញ យោងតាមសេចក្តីថ្លែងការណ៍នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ម្សិលមិញនេះ៕
