ក្នុងនាមបងប្អូនអាស៊ាន សម្ដេចតេជោ ហ៊ុន សែន ចង្អុលបង្ហាញឱ្យកម្ពុជា និងទីម័រឡេស្តេ បំពេញសក្តានុពលឱ្យគ្នាទៅវិញទៅមក

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានទទួលស្វាគមន៍លោកជំទាវ Maria Fernanda Lay ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចូលជួបសម្តែងការគួរសម នារសៀល ថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ 

សម្ដេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវប្រធានរដ្ឋសភា និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំក្រុមអ្នកនយោបាយរបស់អន្តរសភាអាស៊ានលើកទី១៦ (AIPA Caucus)។ សម្ដេច បានសម្តែងនូវក្តីរីករាយដែលបានជួបលោកជំទាវ ជាថ្មីម្តងទៀត បន្ទាប់ពីជំនួបនាឱកាសទស្សនកិច្ចផ្លូវការរបស់សម្តេច នៅទីម័រឡេស្តេ កាលពីខែឧសភាកន្លងទៅ ហើយជាមួយគ្នានេះ ក៏រីករាយដែលអាស៊ានបានសម្រេចទទួលទីម័រឡេស្តេ ជាសមាជិកពេញសិទ្ធិ នៅខែតុលា ឆ្នាំ២០២៥ ខាងមុខដែលជាការសម្រេចបាននូវគោលដៅខ្លួន។

លោកជំទាវប្រធានរដ្ឋសភាទីម័រឡេស្តេ បានសម្តែងនូវការគោរពអរគុណ និងជាកិត្តិយស ចំពោះការទទួលស្វាគមន៍របស់ សម្តេចតេជោ និងបដិសណ្ឋារកិច្ចនានាដែលកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ AIPA បានផ្តល់ជូនលោកជំទាវ និងគណៈប្រតិភូ។ លោកជំទាវបានលើកឡើងថា នេះជាលើកទី១ហើយ ដែលលោកជំទាវបានមកកម្ពុជា និងបានឃើញយល់ដឹងអំពីកម្ពុជា និងទន្ទឹមគ្នានេះ ផ្លាស់ប្តូរទស្សនៈគ្នានៅក្នុងឱកាសនៃកិច្ចប្រជុំ និងជំនួបនានាជាមួយភាគីកម្ពុជា។ ដោយស្ថានភាពកម្ពុជា និងទីម័រឡេស្តេ មានភាពស្រដៀងគ្នានោះ លោកជំទាវនឹងពាំនាំបទបពិសោធន៍មេរៀនទាំងនោះទៅទីម័រឡេស្តេ។ ជាមួយគ្នានេះ លោកជំទាវសង្ឃឹមថា ក្នុងនាមបងប្អូនអាស៊ាន កម្ពុជានឹងបន្តរួមដំណើរជាមួយគ្នា ហើយជឿជាក់ថា នៅក្នុងដំណើរនេះ ទីម័រឡេស្តេអាចប្រែក្លាយការប្រឈមនានា ទៅជាកាលានុវត្តភាព។   

សម្តេចតេជោ បានថ្លែងអំណរគុណចំពោះពាក្យពេចន៍ដែលលោកជំទាវបានលើកឡើង និងបានរំលឹកអំពីការទទួលបដិសណ្ឋារកិច្ចដ៏អស្ចារ្យ ប្រកបដោយភាពរាក់ទាក់ ស្និទ្ធស្នាល និងការជឿទុកចិត្ត ជូនចំពោះសម្តេច នៅក្នុងឱកាសទស្សនកិច្ចផ្លូវការនៅទីម័រឡេស្តេ។ នៅក្នុងន័យនេះ សម្តេចបានថ្លែងអំណរគុណ និងទន្ទឹមគ្នានេះ តាមរយៈលោកជំទាវ ផ្តាំផ្ញើនូវការសួរសុខទុក្ខឯកឧត្តមបណ្ឌិតប្រធានាធិបតី និងឯកឧត្តមនាយករដ្ឋមន្រ្តីទីម័រឡេស្តេ ដែលជាមិត្តចាស់។

សម្តេចតេជោបានលើកឡើងនូវភាពជឿជាក់ចំពោះទីម័រឡេស្តេជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ដោយសម្តេចបានបង្ហាញពីស្ថានភាពខុសគ្នារវាងកម្ពុជា និងទីម័រឡេស្តេ ទាំងទិដ្ឋភាពសេដ្ឋកិច្ច និងសង្គម នៅពេលដែលប្រទេសទាំងពីរចូលជាសមាជិកអាស៊ានដំបូង។ ជាមួយនឹងភាពអំណត់ទន្ទឹងរង់ចាំតាំងពីឆ្នាំ២០១១ សម្តេចតេជោបានលើកបន្ថែមថា ទីម័រឡេស្តេក៏បានបោះជំហានអភិវឌ្ឍខ្លួនទៅលើផ្នែកផ្សេងៗ រួមទាំងធនធានមនុស្ស។ សម្តេចបានគូសបញ្ជាក់ឡើងវិញថា ការបញ្ចូលសមាជិកអាស៊ានថ្មី មិនមែនជាបន្ទុករបស់សមាជិកចាស់នោះទេ តែជាការរួមចំណែក ហើយវាជាការចាំបាច់ដែលយើងត្រូវការរួបរួមក្នុងតំបន់ និងធ្វើឱ្យតំបន់មានការរីកលូតលាស់។  

នៅក្នុងក្របខ័ណ្ឌទ្វេភាគី សម្តេចតេជោបានចង្អុលបង្ហាញអំពីសក្តានុពលនៃសន្តិសុខស្បៀងរបស់កម្ពុជា ខណៈដែលទីម័រឡេស្តេមានសក្តានុពលសន្តិសុខថាមពល ដែលជាកត្តាបំពេញឱ្យគ្នាទៅវិញទៅមក។ នៅក្នុងបរិបទនេះ សម្តេចសង្ឃឹមថា រដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងធ្វើការជាមួយគ្នាបង្កើតភាពជាដៃគូ ដើរជាមួយគ្នាក្នុងនាមជាប្រទេសអភិវឌ្ឍតិចតួច និងបន្តចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក។

ក្នុងឱកាសនៃជំនួបនេះដែរ សម្តេចតេជោ បានចែករំលែកអំពីមូលដ្ឋាន និងទស្សនៈវិស័យនៃការសម្រេចចិត្តរបស់សម្តេច ក្នុងការផ្ទេរអំណាចជូនថ្នាក់ដឹកនាំជំនាន់ថ្មី  ដែលនោះគឺដើម្បីសន្តិភាព ស្ថិរភាពយូរអង្វែង ការអភិវឌ្ឍ និងជៀសវាងនូវការច្រំដែលនៃប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលតែងតែមានជម្លោះនៅពេលមានការផ្លាស់ប្តូរថ្នាក់ដឹកនាំ៕