កាសែតបរទេសធំៗ ចុះផ្សាយពី៖ ថៃ​ផ្អាក​កិច្ច​ព្រមព្រៀង​សន្តិភាព​ជាមួយកម្ពុជា

ប្រមុខរដ្ឋាភិបាលថៃ លោក Anutin Charnvirakul បានប្រកាសផ្អាក​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ថៃ-កម្ពុជា ពីរ​សប្តាហ៍​បន្ទាប់​ពី​ប្រធានាធិបតីអាមេរិក Donald Trump បាន​ធ្វើ​ជា​អធិបតី​ក្នុង​ការ​ចុះ​ហត្ថលេខា​ នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថា ការប្រកាសរបស់ប្រមុខរដ្ឋាភិបាលថៃធ្វើឡើងបន្ទាប់ពីទាហាន២នាក់របស់ខ្លួនដើរជាន់មីងបណ្តាឲ្យរងរបួសនៅជិតព្រំដែនកម្ពុជា ក្នុងខេត្តស៊ីសាកេត។

កាសែតអាមេរិក The New York Times ចុះផ្សាយភ្លាមៗដោយបានដាក់ចំណងជើងថា «ថៃ​ផ្អាក​កិច្ចចរចា​សន្តិភាព​ដែល​គាំទ្រ​ដោយ​លោក Trump ជាមួយ​កម្ពុជា» ។ កាសែតដដែលផ្សាយថា ចំណាត់ការនេះកើតឡើងបន្ទាប់ពីទាហានថៃពីរនាក់បានរងរបួសដោយសារដើរជាន់មីន បានធ្វើឱ្យមានការរំខានដល់ការសន្យារបស់ប្រទេសទាំងពីរក្នុងការដោះស្រាយការខ្វែងគំនិតគ្នាជាយូរមក តាមការបញ្ជារបស់ប្រធានាធិបតី Trump ។

ចំណែកឯ សារព័ត៌មានជប៉ុន Nikkei Asia ក៏បានដាក់ចំណងជើងយ៉ាងដូច្នេះថា «ថៃ​ផ្អាក​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ដែល​មាន​អាជ្ញា​កណ្តាល​ត្រាំ​ជាមួយ​កម្ពុជា»។ 

ជាមួយគ្នានេះដែរសារព័ត៌មានរបស់អង់គ្លេស BBC News ក៏បានចុះផ្សាយនៅថ្ងៃអង្គារនេះដែរថា នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា លោកបានយល់ព្រមជាមួយនឹងការសម្រេចចិត្តដែលធ្វើឡើងដោយប្រមុខការពារជាតិរបស់ប្រទេសថៃផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយដែលកម្ពុជា។ លោក Anutin បាននិយាយថា លោកមានគម្រោងទៅសួរសុខទុក្ខទាហានដែលរងរបួសនៅថ្ងៃអង្គារនេះ។

គួរឲ្យដឹងថា ក្រោយប្រយុទ្ធគ្នាអស់រយៈពេល ៥ថ្ងៃ៥យប់តាមបន្ទាត់ព្រំដែន កម្ពុជាថៃទទួលបានបទឈប់បាញ់ ក្រោមគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតី ត្រាគ និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អានវ៉ា អីប្រាហ៊ីម និងជាប្រធានអាស៊ានប្តូរវេន ព្រមទាំងមានការអង្កេតតាមពីប្រទេសចិន។ នៅថ្ងៃទី២៦ ខែតុលា សេចក្តីថ្លែងការណ៍រួមមួយក៏ត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីថៃ និងកម្ពុជា នៅទីក្រុងគូឡាឡាំពួ ដោយភាគីទាំងពីរបានយល់ព្រមដកអាវុធធុនធ្ងន់ចេញពីតំបន់ជម្លោះ និងបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន ដើម្បីត្រួតពិនិត្យ។ ជំហាន​បន្ទាប់​ត្រូវ​​​ដោះលែង​ទាហាន​ខ្មែរ​ ១៨​នាក់​ដែល​ឃុំខ្លួន​នៅ​ប្រទេស​ថៃមកឲ្យកម្ពុជាវិញ៕