មេដឹកនាំ Trump និង Xi យល់ព្រមលើការពិភាក្សាបន្ថែមទៀតនៅពេលជម្លោះពាណិជ្ជកម្មកើតឡើង

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំចិន លោក ស៊ី ជីនពីង បានពិភាក្សាគ្នាលើភាពតានតឹងពាណិជ្ជកម្ម និងការប្រយុទ្ធគ្នាលើរ៉ែសំខាន់ៗកាលពីថ្ងៃព្រហស្បតិ៍។ ក្នុងអំឡុងពេលការហៅទូរស័ព្ទរយៈពេលជាងមួយម៉ោង លោក ស៊ី បានប្រាប់លោក ត្រាំ ឱ្យថយក្រោយពីវិធានការពាណិជ្ជកម្មដែលធ្វើឲ្យសេដ្ឋកិច្ចពិភពលោកកាន់តែយ៉ាប់យ៉ឺន ហើយបានព្រមានលោកប្រឆាំងនឹងការគំរាមកំហែងលើកោះតៃវ៉ាន់ នេះបើយោងតាមការសង្ខេបរបស់រដ្ឋាភិបាលចិនចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនានេះ។

ប៉ុន្តែលោក ត្រាំ បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថាកិច្ចពិភាក្សាផ្តោតជាចម្បងលើពាណិជ្ជកម្មនាំទៅរក «ការសន្និដ្ឋានវិជ្ជមានខ្លាំង» ដោយប្រកាសពីការពិភាក្សាកម្រិតទាបបន្ថែមទៀតរវាងសហរដ្ឋអាមេរិក និងចិន ហើយថា «មិនគួរមានសំណួរណាមួយដែលទាក់ទងនឹងភាពស្មុគស្មាញនៃផលិតផល Rare Earth ទៀតទេ»។

យ៉ាងណាម៉ិញ ចាប់តាំងពីការវិលត្រឡប់មកកាន់សេតវិមានវិញក្នុងខែមករា លោក ត្រាំ បានគំរាមកំហែងម្តងហើយម្តងទៀតនូវវិធានការដាក់ទណ្ឌកម្មលើដៃគូពាណិជ្ជកម្ម។

ការសម្រេចចិត្តរបស់ប្រទេសចិនកាលពីខែមេសាក្នុងការផ្អាកការនាំចេញសារធាតុរ៉ែ និងមេដែកសំខាន់ៗជាច្រើន នៅតែបន្តរំខានដល់ការផ្គត់ផ្គង់ដែលត្រូវការដោយក្រុមហ៊ុនផលិតរថយន្ត ក្រុមហ៊ុនផលិតបន្ទះឈីបកុំព្យូទ័រ និងស្ថាប័នយោធានៅជុំវិញពិភពលោក៕

ដោយ៖ ចិន្តា ទីទិ