ព្យុះភ្លៀងដ៏ខ្លាំងនៅចិន ស្លាប់ ៤៤នាក់ និងមនុស្ស ៩ នាក់បាត់ខ្លួន 

នៅថ្ងៃទី០១ខែសីហាននេះ ព្យុះភ្លៀងដ៏ខ្លាំងបង្កជាទឹកជំនន់នៅទីក្រុងប៉េកាំងបានបណ្តាលឱ្យមនុស្សស្លាប់ ៤៤នាក់ និងមនុស្ស ៩ នាក់បាត់ខ្លួន ខណៈអ្នកស្រុកជាង ៣០០,០០០ នាក់បានរងផលប៉ះពាល់ និងផ្ទះចំនួន ២៤,០០០ ខ្នងរងការខូចខាត។ នេះបើតាមការចេញផ្សាយរបស់ទូរទស្សន៍ NDTV ។

ទូរទស្សន៍ NDTV ផ្សាយថា ក្នុង​ចំណោម​អ្នក​ស្លាប់​មាន​មនុស្ស​ចាស់​៣១​នាក់​នៅ​មណ្ឌល​ថែទាំ​មួយ​ក្នុង​សង្គាត់ Miyun រីឯអ្នកបាត់ខ្លួនរួមមានមន្ត្រីក្នុងតំបន់ ៤នាក់ដែលចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។

អាជ្ញាធរចិនបានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងចាប់ផ្ដើមតាំងពីថ្ងៃទី២៣ដល់ ២៩ ខែកក្កដា បង្កឲ្យមានទឹកជំនន់ភ្លាមៗ ជាពិសេសនៅតំបន់ភ្នំភាគខាងជើងដូចជា សង្គាត់Miyun និង Huairou។

សូមជម្រាបជូនថឆ ក្រុមឆ្លើយតបគ្រាអាសន្នរបស់ចិនបានជម្លៀសមនុស្សជាង ១០៤,០០០ នាក់ និងបានជួយសង្គ្រោះជាង ៥,៤០០ នាក់។ បុគ្គលិកជាង ៦,៨០០ នាក់ រថយន្ត ១,៣០០ គ្រឿង និងទូកចំនួន ២៩៦ត្រូវបានដាក់ពង្រាយ ដោយប្រើទូក ខ្សែពួរ យន្តហោះគ្មានមនុស្សបើក និងឧបករណ៍ធុនធ្ងន់ក្នុងប្រតិបត្តិការជួយសង្គ្រោះ៕