យន្តហោះទម្លាក់គ្រាប់បែកចិន H-6K ហោះក្បែរកោះតៃវ៉ាន់មុនប្រធានាធិបតីអាមេរិក និងចិន ជួបគ្នានៅកូរ៉េខាងត្បូង

យន្តហោះទម្លាក់គ្រាប់បែករបស់ចិន H-6K មួយក្រុម នាពេលថ្មីៗនេះ បានហោះក្បែរកោះតៃវ៉ាន់ ដើម្បីធ្វើការហ្វឹកហាត់ប្រឈមមុខ ដែលធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនមេដឹកនាំអាមេរិក និងចិន គ្រោងជួបគ្នានៅកូរ៉េខាងត្បូង។

យ៉ាងណា ពុំមានការបញ្ជាក់អំពីកាលបរិច្ឆេទ នៃការធ្វើសកម្មភាពរបស់ក្រុមយន្តហោះទម្លាក់គ្រាប់បែក H-6K នោះទេ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃចន្ទ ទី២៧ ខែតុលា។

ដំណឹងដាច់ដោយឡែកមួយ មានសេចក្តីរាយការណ៍ថា យន្តហោះចម្បាំង១គ្រឿង និងឧទ្ធម្ភាគចក្រ១គ្រឿង មកពីនាវាផ្ទុកយន្តហោះចម្បាំង USS Nimitz របស់អាមេរិកបានធ្លាក់នៅលើសមុទ្រចិនខាងត្បូង ក្នុងពេលរំលងគ្នា ត្រឹម៣០នាទី ខណៈមូលហេតុនៃការធ្លាក់យន្តហោះទាំង២គ្រឿង កំពុងស្ថិតក្រោមការស៉ើបអង្កេត។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។

កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យថា សមាជិកទាំង៣នាក់ នៅលើឧទ្ធម្ភាគចក្រ MH-60R Sea Hawk ត្រូវបានជួយសង្រ្គោះ ខណៈអាកាសយានិកទាំង២នាក់ នៅលើយន្តហោះចម្បាំង F/A-18F Super Hornet បានប្រើប្រព័ន្ធសុវត្ថិភាព ផ្តាច់កៅអីចេញពីយន្តហោះ និងត្រូវបានជួយសង្រ្គោះដូចគ្នា ពោលគឺអ្នកទាំង៥ មានសុវត្ថិភាពទាំងអស់ និងស្ថិតក្នុងស្ថានភាពនឹងនរ។ 

ឧប្បត្តិហេតុខាងលើ កើតឡើងស្របពេលដែល នាវា Nimitz វិលត្រឡប់មកកាន់មូលដ្ឋានរបស់ខ្លួនវិញ ក្នុងរដ្ឋវ៉ាស៉ីនតោន ក្រោយត្រូវបានដាក់ពង្រាយទៅកាន់តំបន់មជ្ឈិមបូព៌ា។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៉ី ជីនពីង ត្រូវបានរំពឹងថា នឹងមានជំនួបកំពូលអំឡុងព្រឹត្តិការណ៍វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៉ី-ប៉ាស៉ីហ្វិក (APEC) នៅប្រទេសកូរ៉េខាងត្បូង ក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីបញ្ហាវិវាទពាណិជ្ជកម្ម រវាងកំពូលមហាអំណាចសេដ្ឋកិច្ចទាំងពីរ៕